ព័ត៍មាន​ជាតិ

ជីវប្រវត្ដិសង្ខេបលោកស្រី ជូឡុង សូមួរ៉ា (Tioulong Saumura)

លោកស្រី ជូឡុង សូមួរ៉ា កើតនៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ១៩៥០ នៅរាជធានីភ្នំពេញ។ គឺជាកូនស្រីរបស់លោក ញឹក ជូឡុង ដែលជាអតីតនាយករដ្ឋមន្ត្រីខ្មែរជំនាន់សង្គមរាស្ត្រនិយម អតីតអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អតីតរដ្ឋមន្ត្រីច្រើនក្រសួង និងជាអតីតឯកអគ្គរដ្ឋទូត ហើយសំខាន់បំផុតនោះ គាត់ជាមន្ត្រីពេញសមត្ថភាពរបស់កម្ពុជា និងជាហត្ថលេខីនៃកិច្ចព្រមព្រៀង ទីក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤ (ក្នុងសន្និសីទអន្តរជាតិ ស្តីពីឥណ្ឌូចិន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីចុងខែកក្កដា ឆ្នាំ ១៩៥៤ គណៈប្រតិភូកម្ពុជា បានទប់ស្កាត់ដោយជោគជ័យ គម្រោងបរទេស ដែលចង់កាត់ប្រទេសកម្ពុជា ជាពីរផ្នែក ដូចប្រទេសវៀតណាម កាលពីពេលនោះ។ មួយផ្នែក នៃទឹកដីខ្មែរ គេចង់ប្រគល់ឲ្យរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ ហើយមួយផ្នែកទៀត គេចង់ប្រគល់ឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សឺង ង៉ុកមិញ ជាស្ថាបនិកគណបក្ស ក្រោមបញ្ជាទីក្រុងហាណូយ។)។

ដោយសារតួនាទីរបស់ឪពុកគាត់ជាអ្នកការទូត ការសិក្សានៅបឋមសិក្សារបស់ សូមួរ៉ា ត្រូវបានចែករំលែក រវាងទីក្រុងភ្នំពេញ ប៉ារីស តូក្យូ និងមូស្គូ ចាប់ពីឆ្នាំ ១៩៥៤ ដល់ឆ្នាំ ១៩៥៩ ។

សូមួរ៉ា បានត្រឡប់មកទីក្រុងភ្នំពេញវិញ ដែលឪពុករបស់គាត់ជារដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលជាច្រើនជំនាន់នៅដើមទសវត្សរ៍ឆ្នាំ ១៩៦០ ។ នៅពេលនោះ គាត់បានសិក្សាថ្នាក់មធ្យមសិក្សានៅសាលា Lycée Descartes ក្នុងទីក្រុងភ្នំពេញ។

នៅឆ្នាំ ១៩៦៩ លោកញឹក ជូឡុង បានចូលនិវត្តន៍ ហើយបានផ្លាស់ សូមូរ៉ា ទៅទីក្រុងប៉ារីស ជាកន្លែងដែលគាត់បានបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ហើយបានជួបលោក សម រង្ស៊ី ដែលគាត់បានរៀបការនៅឆ្នាំ ១៩៧១។

នៅឆ្នាំ ១៩៧៤ ជូឡុង សូមួរ៉ា បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានវិទ្យាសាស្ត្រនយោបាយទីក្រុងប៉ារីស (Paris Sciences-Po Institute of Political Studies) ហើយនៅឆ្នាំ ១៩៨០ ទទួលបានសញ្ញាប័ត្រអនុបណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្ម (Master of Business Administration) ពីវិទ្យាស្ថានអឺរ៉ុបគ្រប់គ្រងសហគ្រាស (INSEAD) នៅ Fontainebleau ប្រទេសបារាំង។

ការងារវិជ្ជាជីវៈរបស់ ជូឡុង សូមួរ៉ា បានចាប់ផ្តើមនៅឆ្នាំ ១៩៧៦ នៅធនាគារ Banque Indosuez ទីក្រុងប៉ារីស ជាកន្លែងដែលគាត់ទទួលខុសត្រូវលើការវិនិយោគនៅក្នុងទីផ្សារមូលបត្រអាស៊ី មុនពេលគាត់ក្លាយជានាយកធនាគារ Robert Fleming នៅឆ្នាំ ១៩៨៣។  Robert Fleming គឺជាសាខាធនាគារនិងជាក្រុមហ៊ុនវិនិយោគរបស់ប្រទេសស្កុតឡេននៅប្រទេសបារាំង ដែលមានឯកទេសក្នុងការគ្រប់គ្រងផ្សារមូលបត្រ(ផ្សារភាគហ៊ុន) ហើយនៅឆ្នាំ ១៩៨៨ នៅទីក្រុងប៉ារីស គាត់ជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Mobilière Conseil ដែលជាក្រុមហ៊ុនប្រឹក្សាទីផ្សារភាគហ៊ុន មានឯកទេសក្នុងទីផ្សារអាស៊ីអាគ្នេយ៍។

នៅឆ្នាំ១៩៨១ ជូឡុង សូមួរ៉ា បានចូលរួមជាមួយ រណសិរ្សរួបរួមជាតិ ដើម្បីកម្ពុជាឯករាជ្យ អព្យាក្រឹត សន្តិភាព និងសហប្រតិបត្តិការកម្ពុជា (ហ្វ៊ុនស៊ិនប៉ិច) ដែលបង្កើតឡើងដោយ សម្ដេចព្រះនរោត្តម សីហនុ។ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងខែតុលា ឆ្នាំ ១៩៩១ និងការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិ ក្នុងខែឧសភា ឆ្នាំ ១៩៩៣ លោកស្រី ជូឡុង សូមួរ៉ា បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ជាកន្លែងដែលលោកស្រីកាន់តំណែងជាអគ្គទេសាភិបាលរងនៃធនាគារជាតិកម្ពុជា។ ក្នុងតួនាទីនេះ លោកស្រីបានចរចា និងត្រួតពិនិត្យការអនុវត្តកម្មវិធីគាំទ្រមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដំបូងគេនៅកម្ពុជា។

នៅពេលដែលគណបក្សជាតិខ្មែរ (KNP) ក្រោយមកជាគណបក្ស សម រង្ស៊ី (SRP) ត្រូវបានបង្កើតឡើងដោយលោក សម រង្ស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ ១៩៩៥ លោកស្រី ជូឡុង សូមួរ៉ា បានលាឈប់ពីតំណែងជាអគ្គទេសាភិបាលរងនៃធនាគារជាតិកម្ពុជា ដើម្បីចូលរួមក្នុងការបង្កើតនូវអ្វីដែលក្រោយមកក្លាយជាគណបក្សប្រឆាំងតែមួយគត់របស់កម្ពុជា គឺគណបក្សសង្រ្គោះជាតិ។ នៅឆ្នាំ១៩៩៨ លោកស្រីបានជាប់ឆ្នោតជាសមាជិកសភាតំណាងរាស្ត្រនៅមណ្ឌលរាជធានីភ្នំពេញ ក្នុងចំណោមសមាជិកសភាទាំង ១៥រូប ដំបូងបង្អស់របស់គណបក្ស សម រង្ស៊ី។ លោកស្រីបានជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងការបោះឆ្នោតនីតិកាលនីមួយៗជាបន្តបន្ទាប់រហូតដល់ឆ្នាំ ២០១៧។

ទេពកោសល្យរបស់ ជូឡុង សូមួរ៉ា ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកក្នុងឆ្នាំ ២០០៧ ដោយលោកស្រីត្រូវបានជ្រើសតាំងជាអនុប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍ របស់សហភាពអន្តរសភា (IPU) ផ្នែកអភិវឌ្ឍន៍ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ហើយក្នុងឆ្នាំ ២០១៤ លោកស្រីត្រូវបានជ្រើសរើសជាប្រធាននៃគណៈកម្មាធិការនេះ។

ដោយប្រឈមមុខនឹងការកើនឡើងនៃប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិ រដ្ឋអំណាចកម្ពុជាបានរំលាយគណបក្សប្រឆាំងដ៏ធំតែមួយគត់នេះ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧ និងបានហាមឃាត់មន្ត្រីជាន់ខ្ពស់របស់គណបក្សនេះចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ រួមទាំងលោកស្រី សូ មូរ៉ា ផងដែរ៕

ជូឡុង សូមួរ៉ា ក្នុងឋានៈជាប្រធាន នៃគណៈកម្មាធិការអចិន្ត្រៃយ៍ របស់សហភាពអន្តរសភា (IPU) ផ្នែកអភិវឌ្ឍន៍ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។
ជូឡុង សូមួរ៉ា ​និង សម រង្ស៊ី ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍។
លោកស្រី ជូឡុង សូមួរ៉ា ក្នុងថ្ងៃតែងតាំងជាអគ្គទេសាភិបាលរងធនាគារជាតិ។ ចំណែកស្វាម៉ី សម រង្ស៊ី ទទួលការតែងតាំងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងរដ្ឋាភិបាលចម្រុះអាណត្តិទី ១។
ជូឡុង សូមូរ៉ា (ឆ្វេង) ដើររួមគ្នាជាមួយស្វាម៉ី សម រង្ស៊ី នៅមុខព្រះបរមរាជវាំង នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៤ បន្ទាប់ពីបានចូលរួមពិធីបុណ្យខួបគម្រប់ ១០ឆ្នាំនៃការគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហមុនី។
មន្ទីរដ្ឋសភាជាតិ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤។
២០១៤៖ ជូឡុង សូមូរ៉ា (ឆ្វេងដៃខាងមុខបង្អស់) និងស្វាម៉ី សម រង្សី ជាមួយតំណាងរាស្ត្រ ៥៣រូបផ្សេងទៀតរបស់គណបក្សសង្គ្រោះជាតិ។
ជូឡុង សូ មូរ៉ា ជាអ្នកសម្របសម្រួលកម្មវិធីសន្និសិទកាសែតមួយដែលបានរៀបចំឡើងក្រោមអធិបតីភាពសម្ដេច​នរោត្តម​ សីហនុ ថ្ងៃ​ទី២០​ ខែតុលា​ ឆ្នាំ​១៩៩១​ រយៈពេល០៣ថ្ងៃ​ មុនថ្ងៃ​ដែលគូបដិបក្ខខ្មែរទាំងបួនភាគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ជូឡុង សូមូរ៉ា បេក្ខជនតំណាងរាស្ត្រ លេខរៀងទី១ នៅមណ្ឌលភ្នំពេញ សម្រាប់ការបោះឆ្នោតជាតិឆ្នាំ ១៩៩៨ ដែលនៅពេលនោះ គណបក្ស សម រង្ស៊ី ដណ្ដើមបាន ៤អាសនៈតំណាងរាស្ត្រ នៅមណ្ឌលភ្នំពេញ។
ជូឡុង សូមូរ៉ា ក្នុងតួនាទីជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ ឆ្នាំ១៩៩៨។
ទស្សនា​វត្តី​«L’EXPANSION» ខែមេសា​ ឆ្នាំ​១៩៨៧
ទស្សនា​វត្តី​«L’EXPANSION» ខែមេសា​ ឆ្នាំ​១៩៨៧
ជូឡុង សូមូរ៉ា (ស្ដាំ) និងស្វាម៉ី សម រង្ស៊ី ប្រគេនចង្ហាន់ និងថវិកាដល់ព្រះសង្ឃក្នុងពិធីបុណ្យមាឃបូជា នៅភ្នំឧដុង្គ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០០៦ ។ AFP PHOTO/ TANG CHHIN SOTHY
ជូឡុង សូមួរ៉ា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៃអតីតគណបក្ស សម រង្ស៊ី ដែលបច្ចុប្បន្នជាគណបក្សភ្លើងទៀន។
ជូឡុង សូមួរ៉ា ដឹកនាំផ្សព្វផ្សាយគោលនយោបាយអទិភាព ៥ ចំណុចរបស់គណបក្សសង្គ្រោះជាតិ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃ ២៧ មីនា ឆ្នាំ ២០១៧ ។
ជូឡុង សូមូរ៉ា ក្នុងសន្និសីទខួបលើកទី៥៤ នៃអង្គការសេរីនិយមអន្តរជាតិ (Liberal International) ឆ្នាំ២០០១។
ជូឡុង សូមូរ៉ា ក្នុងសន្និសីទដ៏សំខាន់របស់អង្គការសេរីនិយមអន្តរជាតិ (Liberal International)។
រូបថតជាឯកសារលក្ខណៈគ្រួសារ ដែលបានថតជាមួយព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងព្រះរាជអគ្គមហេសី មុនីនាថ សីហនុ ជាង ២០ ឆ្នាំកន្លងមកហើយ ក្នុងចន្លោះរវាង ជូឡុង សូមួរ៉ា និង សម រង្ស៊ី គឺលោកជំទាវ ញឹក ជូឡុង មាសកេត សមភ័ត្រ ម្ដាយបង្កើត ជូឡុង សូមួរ៉ា។
លើរូបថតជាឯកសារលក្ខណៈគ្រួសារនេះ ដែលបានថតជាមួយព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងព្រះរាជអគ្គមហេសី មុនីនាថ សីហនុ ជាង ២០ ឆ្នាំកន្លងមកហើយ។ នៅខាងឆ្វេង ក្នុងចន្លោះរវាងព្រះមហាវីរក្សត្រ និងលោក សម រង្ស៊ី គឺជា សម សន្តាណា រ៉ាស្យែល កូនស្រីពៅរបស់ ជូឡុង សូមួរ៉ា ​និង សម រង្ស៊ី។
លោកស្រី ជូឡុង សូមួរ៉ា អគ្គទេសាភិបាលរងធនាគារជាតិ និងស្វាម៉ី សម រង្ស៊ី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងរដ្ឋាភិបាលចម្រុះអាណត្តិទី ១ នៅមុខព្រះបរមរាជវាំង ឆ្នាំ១៩៩៣។
ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៤៖ យុវជនជាសិស្សសាលាថតរូបជុំគ្នាជាមួយលោកស្រី ជូឡុង សូមួរ៉ា និងលោក សម រង្ស៊ី នៅមុខព្រះបរមរាជវាំង បន្ទាប់ពីលោកទាំងពីរបានចូលរួមពិធីបុណ្យខួបគម្រប់ ១០ឆ្នាំនៃការគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហមុនី។
ជូឡុង សូមួរ៉ា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៃអតីតគណបក្ស សម រង្ស៊ី ដែលបច្ចុប្បន្នជាគណបក្សភ្លើងទៀន។
ជូឡុង សូមួរ៉ា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៃអតីតគណបក្ស សម រង្ស៊ី ដែលបច្ចុប្បន្នជាគណបក្សភ្លើងទៀន។
ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៤៖ យុវជន យុវនារី ជាសិស្សសាលាថតរូបជុំគ្នាជាមួយលោកស្រី ជូឡុង សូមួរ៉ា និងលោក សម រង្ស៊ី នៅមុខព្រះបរមរាជវាំង បន្ទាប់ពីលោកទាំងពីរបានចូលរួមពិធីបុណ្យខួបគម្រប់ ១០ឆ្នាំនៃការគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហមុនី។
លោក​ ញ៉ឹក​ ជូឡុង​
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close