
បទវិភាគ
បណ្ឌិត សេង សារី សាកល្បងវិភាគសេណារីយោ ដំណើរជីវិតនយោបាយលោក កឹម សុខា ក្រោយសវនាការ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២
១៦ ធ្នូ ២០២១
សាកល្បងវិភាគសេណារីយោ ដំណើរជីវិតនយោបាយលោក កឹម សុខា ក្រោយសវនាការ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២
- សេណារីយោទី ១៖ តុលាការកាត់ទោសឲ្យលោក កឹម សុខា គ្មានទោស ហើយសង្គ្រោះជាតិរស់ឡើងវិញ ព្រោះការរំលាយសង្គ្រោះជាតិគឺដោយសារតែតុលាការបានចោទលោក កឹម សុខា ដែលជាប្រធានបក្សថា មានសន្ទិដ្ឋិភាពជាមួយបរទេស ដូច្នេះបើលោក កឹម សុខាគ្មានទោស សង្គ្រោះជាតិក៏គ្មានកំហុសដែរ។
- សេណារីយោទី ២៖ តុលាការកាត់ឲ្យលោក កឹម សុខា មានទោសហើយបញ្ចូនលោក កឹម សុខា ចូលពន្ធនាគារវិញមួយរយ: បន្ទាប់មកមានសំណើរសុំឲ្យព្រះមហាក្សត្រលើកលែងទោសពីសំណាក់សម្តេចនាយករដ្ឋមន្រ្តី។
- សេណារីយោទី ៣៖ តុលាការនឹងកាត់ទោសផ្តល់សេរីភាព និងនីតិសម្បទានយោបាយពេញលេញជូនលោក កឹម សុខា ឡើងវិញ តែរក្សាបទចោទឲ្យនៅដដែល។
ក្នុងចំណោមសេណារីយោទាំង ៣ខាងលើនេះ ទោះចេញច្រកណាក៏ដោយ ក៏សង្គ្រោះជាតិមានលទ្ធភាពរស់ឡើងវិញតិចតួចបំផុត ក៏ប៉ុន្តែលោក កឹម សុខា នឹងមានសេរីភាព និងនីតិសម្បទានយោបាយឡើងវិញ ហើយលោក កឹម សុខា ក៏នឹងអាចត្រូវបានអញ្ជើញឲ្យទៅដឹកនាំសម្ព័ន្ធនៃគណបក្សតូចៗ ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ ២០២២-២០២៣ ចំណែកលោក សម រង្សី នឹងក្លាយជាអ្នកចាំបក្សបន្តរតស៊ូរកយុត្តិធម៍ជូនសង្រ្គោះជាតិតែម្នាក់ឯង។
ដូច្នេះផែនការទាត់លោក សម រង្សី ចេញពីសង្គ្រោះជាតិដោយអ្នកនយោបាយត្រីក្រឹម និងផែនការចង់ក្លាយជាអ្នកនយោបាយមេម៉ាយស្តុកនឹងក្លាយជារឿងអត់អំពើ។ ក៏ប៉ុន្តែសម្ព័ន្ធនៃគណបក្សតូចៗដែលដឹកនាំដោយលោក កឹម សុខា ក្រោយពីចូលរួមការបោះឆ្នោតនឹងទទួលបានសំលេងគាំទ្រខ្លះ ហើយនឹងអាចក្លាយជាដៃគូរបង្កើតរដ្ឋាភិបាលទេ្វរភាគីជាមួយគណបក្សប្រជាជនផងដែរ។
ពេលនោះគណបក្ស ភ្លើងទៀន នឹងក្លាយជាគណបក្សប្រឆាំងធំជាងនៅកម្ពុជាក្រោយឆ្នាំ ២០២៣។
ខ្ញុំសង្ឃឹមថាការវិភាគនេះខុសទៅចុះ!
បណ្ឌិត សេង សារី ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១