ព័ត៍មាន​ជាតិ

តំណាងគណបក្សភ្លើងទៀន និងសហភាពអឺរ៉ុបពិភាក្សាអំពីបរិយាកាសជុំវិញដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥

នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន រួមមានលោក ទាវ វណ្ណុល ប្រធានគណបក្ស លោកលី សុធារ៉ាយុត្តិ អគ្គលេខាធិការ លោកហុង សុខហួរ ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងលោកមេធាវី សំ សុគង់ ប្រធាននាយកដ្ឋានកិច្ចការច្បាប់របស់គណបក្ស បានអញ្ជើញទៅស្ថានទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារជាមួយនឹងលោកស្រី Moreno Carmen អគ្គរដ្ឋទូតសហភាពអឺរ៉ុប និងតំណាងទូតបរទេសធំៗនៅទ្វីបអឺរ៉ុបប្រចាំនៅកម្ពុជាចំនួន ៣ផ្សេងទៀត រួមមាន លោក ចូសថ៍ ខាដែល ( Jost Kadel) ជាអនុប្រធានបេសកកម្មនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក អ៊ុយហ្គោ វ៉ាវ្រាំង(Hugo Wavrin) ទីប្រឹក្សានយោបាយ និងសារព័ត៌មានប្រចាំស្ថានទូតបារាំងនៅភ្នំពេញ និងលោកស្រី ខាមីឡា ម៉ុនស៊ីន អុតតូសុន(Camilla Monsine Ottosson) ជាអគ្គទីប្រឹក្សា និងជាប្រធានការិយាល័យនៃស្ថានទូតស៊ុយអែតប្រចាំនៅរាជធានីភ្នំពេញ។

ក្នុងជំនួបនោះ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បានពន្យល់រៀបរាប់អំពីស្ថានការណ៍នយោបាយទូទៅ ការរំខាន ការធ្វើទុក្ខម្នេញខាងនយោបាយ ការគំរាមកំហែងមកលើសកម្មជន បេក្ខជន និងភ្នាក់ងារសង្កេតការណ៍របស់គណបក្ស និងភាពមិនប្រក្រតីដែលបានកើតឡើងក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះ។

ថ្នាក់ដឹកនាំគណបក្ស បានស្នើសុំសហភាពអឺរ៉ុបបន្តឃ្លាំមើលស្ថានភាពនយោបាយ និងប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ការបោះឆ្នោតជាតិក្នុងឆ្នាំ២០២៣ខាងមុខនេះ៕

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close