
ព័ត៍មានជាតិ
លោក សុន ឆ័យ អំពាវនាវឲ្យបងប្អូនជនរួមជាតិ ចូលរួមនិងគាំទ្រគណបក្សភ្លើងទៀន
លោក សុន ឆ័យ អតីតតំណាងរាស្ត្រម្នាក់ក្នុងចំណោមតំណាងរាស្ត្រដំបូងបង្អស់ទាំង ១៥រូប របស់គណបក្សប្រឆាំង នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២ នេះ បានអំពាវនាវឲ្យបងប្អូនជនរួមជាតិខ្មែរមេត្តាចូលរួម និងគាំទ្រ គណបក្សភ្លើងទៀន ឲ្យបានគ្រប់ៗគ្នា។ លោកថ្លែងដូច្នេះក្នុងសេចក្ដីប្រកាសព័ត៌មាននៅលើគណនីហ្វេសប៊ុករបស់លោក ស្ដីពី ការចូលរួមរបស់លោក ជាមួយ គណបក្សភ្លើងទៀន ចាប់ពីថ្ងៃនេះតទៅ។
លោក សុន ឆ័យ បានសង្កត់ធ្ងន់ថា គណបក្សភ្លើងទៀន គឺជាគណបក្សដែលរូបលោកក៏ដូចជាបងប្អូនជនរួមជាតិជាច្រើននាក់ធ្លាប់បានចូលរួមនិងគាំទ្រយ៉ាងសកម្ម ពីព្រោះគណបក្សភ្លើងទៀន គឺជាគណបក្សដែលបម្រើនិងការពារប្រជាពលរដ្ឋខ្មែរ បានយ៉ាងត្រឹមត្រូវ។
លោក សុន ឆ័យ គឺជាអតីតប្រធានក្រុមតំណាងរាស្ត្រនៃអតីតគណបក្ស សម រង្ស៊ី និងអតីតគណបក្សសង្គ្រោះជាតិ។ លោកបានធ្វើជាតំណាងរាស្ត្រតាំងពីការបោះឆ្នោតជាតិអាណត្តិទី ១ ឆ្នាំ១៩៩៣។ នៅឆ្នាំ១៩៩៨ លោកបានមកចូលរួមជីវភាពជាមួយគណបក្ស សម រង្ស៊ី និងបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ហើយបានជាប់ឆ្នោតជាបន្តបន្ទាប់ជាមួយគណបក្ស សម រង្ស៊ី៕



