
សារពិសេស
សម រង្ស៊ី៖ “ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ ឲ្យតែប្រទេសជាតិយើងបាននៅគង់វង្ស ហើយឈានទៅរកភាពរុងរឿង”
០៧ ធ្នូ ២០១៦ / 07 December 2016
លោក សម រង្ស៊ី សហស្ថាបនិក និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា សម្រាប់រូបលោក តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់គឺភាពទៀងត្រង់ និងភាពថ្លៃថ្នូររបស់យើងម្នាក់ៗ។ លោកបញ្ជាក់ថា លោកសុខចិត្តធ្វើអ្វីៗទាំងអស់ ឲ្យតែប្រទេសជាតិយើងបាននៅគង់វង្ស ហើយឈានទៅរកភាពរីកចម្រើនរុងរឿង។
លោក សម រង្ស៊ី ថ្លែងយ៉ាងដូច្នេះ នៅមុនពេលដែលលោកបានសម្រេចចិត្តលាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ ក្នុងគោលបំណងការពារគណបក្សប្រឆាំងដ៏ធំមួយនេះ ពីការប៉ុនប៉ងរំលាយពីសំណាក់របបលោក ហ៊ុន សែន។
លោក សម រង្ស៊ី បានបន្តថា គេបានបណ្ដេញលោកចេញពីរដ្ឋសភា គេដកអភ័យឯកសិទ្ធិ គេកាត់ទោសឲ្យជាប់ពន្ធធនាគារ គេចេញដីកាចាប់ខ្លួន គេហាមឃាត់និងរារាំងមិនឲ្យលោកវិលត្រឡប់មកប្រទេសកំណើតវិញ គេបកស្រាយរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភាតាមតែអំពើចិត្តរបស់គេ។
ថ្វីបើដូច្នោះក្ដី លោកបានសង្កត់ធ្ងន់ថា លោក(សម រង្ស៊ី) នៅតែ សម រង្ស៊ី ដដែល ហើយភាពស្មោះត្រង់របស់លោកចំពោះប្រជារាស្ត្រខ្មែរ នៅតែស្មោះត្រង់ជានិច្ចរហូតដល់ដង្ហើមចុងក្រោយ។ «តែខ្ញុំ សម រង្ស៊ី នៅតែ សម រង្ស៊ី ដដែល ហើយភាពស្មោះត្រង់របស់ខ្ញុំចំពោះប្រជារាស្ត្រខ្មែរ នៅតែស្មោះត្រង់ជានិច្ចរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ»។
គួរបញ្ជាក់ថា លោក សម រង្ស៊ី បានក្លាយជាមេដឹកនាំគណបក្សប្រឆាំងដំបូងបង្អស់នៅកម្ពុជា ក្រោយពីគណបក្សរបស់លោកឈ្នះបានអាសនៈចំនួន ១៥ ក្នុងការបោះឆ្នោតជាតិឆ្នាំ១៩៩៨។ លោកបានកសាងកម្លាំងប្រជាធិបតេយ្យកើនឡើងយ៉ាងខ្លាំងពីមួយអាណត្តិទៅមួយអាណត្តិ រហូតដល់របបលោក ហ៊ុន សែន រិះរកវិធីរំលាយគណបក្សប្រឆាំងចោលដោយខុសច្បាប់ ក្រោយពីគណបក្សរបស់លោក ដណ្ដើមបានអាសនៈមូលដ្ឋានជិតពាក់កណ្ដាលពីគណបក្សកាន់អំណាច នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧៕






















