ព័ត៍មាន​ជាតិ

សារព័ត៌មានអន្តរជាតិ៖ ការបែកបាក់គ្នា ក្នុងជួរគណបក្សសង្គ្រោះជាតិ ទំនងធ្វើឲ្យក្រុមគាំទ្រ សម រង្ស៊ី ឈ្នះលើក្រុមគាំទ្រ កឹម សុខា / Asia Times: Cambodia’s Sam Rainsy could be stronger after CNRP split – Cambodia National Rescue Party is disintegrating on factional lines that could see Rainsy’s camp win out over Kem Sokha’s

០៤ ធ្នូ ២០២១ / 04 December 2021

បើធ្វើសង្គ្រាម កុំច្រឡំសត្រូវ
បើធ្វើនយោបាយ កុំច្រឡំគូបដិបក្ខ
គូបដិបក្ខរបស់អ្នកប្រជាធិបតេយ្យខ្មែរ គឺជនផ្តាច់ការ ហ៊ុន សែន មិនមែន សម រង្ស៊ី ឬ កឹម សុខា ទេ។

https://asiatimes.com/…/cambodias-sam-rainsy-could-be…/

សារព័ត៌មាន Asia Times ចុះថ្ងៃ ០៣ ធ្នូ ២០២១ បានផ្សព្វផ្សាយអត្ថបទមួយមានចំណងជើង ជាភាសាអង់គ្លេស “Cambodia’s Sam Rainsy could be stronger after CNRP split – Cambodia National Rescue Party is disintegrating on factional lines that could see Rainsy’s camp win out over Kem Sokha’s”
បកប្រែជាខ្លឹមសារ ៖ “ការបែកបាក់គ្នា ក្នុងជួរគណបក្សសង្គ្រោះជាតិ ទំនងធ្វើឲ្យក្រុមគាំទ្រ សម រង្ស៊ី ឈ្នះលើក្រុមគាំទ្រ កឹម សុខា”។

លោក សម រង្ស៊ី បានសរសេរប្រាប់ Asia Times ទៅវិញ ដូចតទៅ ៖

“ចំណងជើងអត្ថបទខាងលើនេះ ខុសស្រឡះ ពីគោលដៅ (objective) របស់ខ្ញុំ និងពីយុទ្ធសាស្រ្ត (strategy) របស់ខ្ញុំ។ គោលដៅ (objective) របស់ខ្ញុំ គឺបញ្ចប់របបផ្តាច់ការ និងគ្រួសារនិយម ហ៊ុន សែន ដោយសន្តិវិធី តាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ពិតប្រាកដ។ ដើម្បីសម្រេចគោលដៅ (objective)នេះ យុទ្ធសាស្ត្រ (strategy) របស់ខ្ញុំ គឺបង្រួបបង្រួមកម្លាំងប្រជាធិបតេយ្យទាំងអស់ ហើយជម្រុញឲ្យមានការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ពិតប្រាកដ។ មានតែការបង្រួបបង្រួមកម្លាំងប្រជាធិបតេយ្យទាំងអស់ទេ ដែលអាចនាំមកនូវជ័យជំនះ សម្រាប់ចលនាប្រជាធិបតេយ្យទាំងមូល ដែលគណបក្សសង្គ្រោះជាតិ ជាតំណាង។ ជ័យជំនះរបស់អ្នកប្រជាធិបតេយ្យមួយក្រុម លើអ្នកប្រជាធិបតេយ្យមួយក្រុមទៀត វាគ្មានន័យអ្វីទាល់តែសោះ។ មានតែអ្នកនយោបាយមិនគ្រប់ទឹកទេ ដែលច្រឡំគូបដិបក្ខរបស់ខ្លួន។ គូបដិបក្ខរបស់អ្នកប្រជាធិបតេយ្យខ្មែរទាំងអស់ គឺជនផ្តាច់ការ ហ៊ុន សែន។

ម្យ៉ាងវិញទៀត យើងក៏ត្រូវបែងចែកឲ្យដាច់ រវាងគោលដៅ (objective) យុទ្ធសាស្ត្រ (strategy) និង យុទ្ធវិធី (tactic)។ ខ្ញុំជឿថាលោក កឹម សុខា និងរូបខ្ញុំ សម រង្ស៊ី មានគោលដៅ (objective) និងចង់អនុវត្តយុទ្ធសាស្ត្រ (strategy) ដូចគ្នា ដូចមានចែងខាងលើនេះ។ អ្វីដែលយើងមិនទាន់បានកំណត់ឲ្យច្បាស់ជាមួយគ្នា គឺយុទ្ធវិធី (tactic) ទាក់ទងទៅនឹងគណបក្សតូចៗ ដែលទើបតែបានបង្កើតថ្មី ឬ ចាប់ផ្តើមដំណើរការជាថ្មី ក្រោយពីលោក ហ៊ុន សែន បានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ ២០១៧។

ឥឡូវនេះ លោក កឹម សុខា និងខ្ញុំ សម រង្ស៊ី មិនអាចជួបនិយាយគ្នាបានទេ ស្តីពីការកំណត់យុទ្ធវិធី (tactic) រួមរបស់យើង ពីព្រោះលោក ហ៊ុន សែន ហាមឃាត់មិនឲ្យលោក កឹម សុខា ចេញក្រៅប្រទេស ហើយ ហាមឃាត់រូបខ្ញុំ សម រង្ស៊ី មិនឲ្យចូលក្នុងប្រទេស។ លោក ហ៊ុន សែន ចង់បំបែកបំបាក់យើងទាំងពីរនាក់ថែមទៀត ដោយគាត់ដឹងពីការលំបាក ក្នុងការកំណត់យុទ្ធវិធី (tactic) រួមណាមួយ បើលោក កឹម សុខា និងខ្ញុំ សម រង្ស៊ី មិនអាចជួបនិយាយគ្នាបានទេ។

តែទោះជាយ៉ាងណាក៏ដោយ យុទ្ធវិធី (tactic) នេះ អាចមានទិដ្ឋភាពច្រើនបែបយ៉ាង ហើយមានការប្រែប្រួលគ្រប់ពេលវេលា។ អ្វីដែលសំខាន់ជាងគេបំផុត ហើយដែលមិនមានការប្រែប្រួលឡើយ គឺគោលដៅ (objective) រួម និងយុទ្ធសាស្ត្រ (strategy) រួម។

ក្នុងខណៈដែលយើង កំពុងតែខិតខំស្វែងរកយុទ្ធវិធី (tactic) ណាមួយ ដែលមានប្រសិទ្ធភាពជាងគេ ដើម្បីទ្រទ្រង់គោលដៅ (objective) និង យុទ្ធសាស្ត្រ (strategy) របស់យើង យើងមិនត្រូវចាញ់បោកលោក ហ៊ុន សែន ហើយមិនត្រូវដើរចូលក្នុងអន្ទាក់របស់គាត់ទេ បើយើងដឹងហើយថា គាត់ប្រើល្បិចគ្រប់បែបយ៉ាង ដើម្បីបំបែកបំបាក់អ្នកប្រជាធិបតេយ្យដូចគ្នា។ លោក ហ៊ុន សែន យល់ខុសហើយ បើគាត់នៅតែសង្ឃឹមថា គាត់នឹងអាចបំបែក សម រង្ស៊ី ពី កឹម សុខា។ យើងទាំងអស់គ្នា យល់ច្បាស់ថា ឯកភាពរវាង សម រង្ស៊ី និង កឹម សុខា គឺជាគ្រោះថ្នាក់ដល់អាយុជីវិតនយោបាយ របស់លោក ហ៊ុន សែន។

គណបក្សសង្គ្រោះជាតិ ក៏ជាឧបសគ្គមួយដ៏ធំធេង សម្រាប់គម្រោងផ្ទេរអំណាច ពីលោក ហ៊ុន សែន ទៅកូនគាត់។ លោក ហ៊ុន សែន បានរង់ចាំ​ព័ត៌មានបំប៉ោង ដែលថាមានការបែកបាក់គ្នា ក្នុងជួរគណបក្សសង្គ្រោះជាតិ ជាមុនសិន ដូចបានលេចឮ ថ្ងៃ២៨ វិច្ឆិកា ២០២១ នេះ មុនគាត់ហ៊ានប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីរបស់កូនគាត់ ហ៊ុន ម៉ាណែត ៤ ថ្ងៃបន្ទាប់ គឺនៅថ្ងៃ០២ ធ្នូ ២០២១ នេះ។”

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close