បទវិភាគ

បទវិភាគ៖ ហេតុអ្វី សម រង្ស៊ី ព្រមកែរដ្ឋធម្មនុញ្ញ ២ភាគ៣ មក ៥០ភាគរយបូក១ ?

ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ អង្គការសហប្រជាជាតិបានរៀបចំការបោះឆ្នោតមួយសម្រាប់ប្រទេសកម្ពុជា ដោយមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយជាច្រើន ។ ប៉ុន្តែគណបក្សដែលបានទទួលអាសនៈក្នុងរដ្ឋសភា គឺមានតែ ៤ប៉ុណ្ណោះ ទី ១ គណបក្សហ៊្វុនស៊ីនប៉ិច ទទួលបាន ៥៨អាសនៈ ទី ២ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥១អាសនៈ និងទី ៣ គណបក្សសេរីនិយមព្រះពុទ្ធសាសនារបស់លោកតាសឺន សាន ទទួលបាន ១០អាសនៈ និងទី ៤ គណបក្សម៉ូលីណាកា ទទួលបាន ០១អាសនៈ ។

ប៉ុន្តែក្រោយការបោះឆ្នោត ភាពតានតឹងផ្នែកនយោបាយ និងការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត បានធ្វើឲ្យកម្ដៅនយោបាយកាន់តែកើនឡើង ហើយការជាប់គាំងដោយមិនអាចបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសបាន នៅតែបន្តអូសបន្លាយ ព្រោះគណបក្សហ៊្វុនស៊ីនប៉ិច ដែលឈ្នះឆ្នោតបាន ៥៨អាសនៈ ទោះបីបូករួមបន្ថែម ១០អាសនៈរបស់គណបក្សសេរីនិយមព្រះពុទ្ធសាសនារបស់លោកតាសឺន បាន៦៨អាសនៈ លើស៥០ភាគរយបូក១ ក៏ដោយ ក៏មិនអាចបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសបានដែរ ដោយសារតែពេលនោះគេប្រើសំឡេង ២ភាគ៣ ទើបអាចបង្កើតរដ្ឋាភិបាលបាន ។

គណបក្សហ៊្វុនស៊ីនប៉ិច ដោយមើលឃើញថាខ្លួនមិនមានសំឡេងគ្រប់គ្រាន់ ២ភាគ៣ ដើម្បីបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសបាន ក៏សម្រេចចិត្តទៅចរចាជាមួយបក្សកាន់អំណាច ដើម្បីឈានទៅរកកិច្ចព្រមព្រៀងផ្នែកនយោបាយ បង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្សកាន់អំណាចដឹកនាំប្រទេសជាមួយគ្នា ហើយពេលនោះ សហនាយករដ្ឋមន្ត្រី ឬភាសាមនុស្សភាគច្រើនហៅថា «នាយករដ្ឋមន្ត្រីក្បាលពីរ» ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ក៏កើតមានឡើង ។

ការបង្កើតរដ្ឋាភិបាលចម្រុះរវាងគណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សប្រជាជនកម្ពុជា ក៏បន្តពីមួយអាណត្តិទៅមួយអាណត្តិ រហូតលោក ហ៊ុន សែន និយាយថាគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិច ប្រៀបបានដូចស្លាបយន្តហោះដែលមិនអាចអត់មួយបានទេ ហើយហ៊្វុនស៊ីនប៉ិច គឺជាដៃគូនយោបាយ មិនអាចខ្វះបានសម្រាប់ដឹកនាំប្រទេសជាតិ ។ ដោយបានបែងចែកតំណែង តួនាទីគ្នា តាមក្រសួង មន្ទីរនានា ក្រោមស្លាករដ្ឋាភិបាលចម្រុះ ប៉ុន្តែនៅពេលដឹកនាំប្រទេសមានបញ្ហា ប្រជាពលរដ្ឋរងទុក្ខវេទនា និងជិតដល់ពេលបោះឆ្នោតម្ដងៗ គណបក្សទាំងសងខាង តែងទម្លាក់កំហុសដាក់គ្នា ដែលធ្វើឲ្យពលរដ្ឋពិបាកវិនិច្ឆ័យក្នុងការសម្រេចចិត្តបោះឆ្នោត ។

សម រង្ស៊ី ដែលពេលនោះជាបក្សប្រឆាំង ដែលមិនព្រមចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ ចែកអំណាច មុខតំណែង តួនាទី ជាមួយលោក ហ៊ុន សែន បានប្រកាសជាសាធារណៈថា «មានស៊ី អត់សែន មានសែន អត់ស៊ី» រហូតធ្វើឲ្យមនុស្សមួយចំនួនគិតថា សម រង្ស៊ី ធ្វើនយោបាយយកខ្មែរជាសត្រូវ ជានយោបាយ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី សងសឹកគ្នាអីជាដើម ។

តាមពិត សម រង្ស៊ី ន័យរបស់គាត់គឺចង់ប្រកាសឲ្យប្រជាពលរដ្ឋខ្មែរដឹងថា នៅពេលដែលបក្សប្រឆាំង សម រង្ស៊ី ឈ្នះឆ្នោត បក្សសម រង្ស៊ី គឺជាបក្សកាន់អំណាច កាន់កាប់ប្រទេសដឹកនាំប្រទេស ហើយបក្សប្រជាជនកម្ពុជា គឺជាបក្សប្រឆាំង គ្មានឡើយការបង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្សកាន់អំណាច ដូចហ៊្វុនស៊ីនប៉ិច ។ ហើយនៅពេលដែល សម រង្ស៊ី ធ្វើជានាយករដ្ឋមន្ត្រី គ្មានឡើយលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ហើយនៅពេលដែល ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ក៏គ្មាន សម រង្ស៊ី ធ្វើជានាយករដ្ឋមន្ត្រីដែរ ។

លោក សម រង្ស៊ី នឹងមិនឲ្យមាននាយករដ្ឋមន្ត្រីក្បាលពីរ (សហនាយករដ្ឋមន្ត្រី) ត្រឡប់មកសារជាថ្មីនៅលើទឹកដីប្រទេសកម្ពុជាទៀតនោះទេ ហើយក៏គ្មានការបង្កើតរដ្ឋាភិបាលចម្រុះ ចែកអំណាច តួនាទីគ្នា ដឹកនាំប្រទេសនោះដែរ គឺបែងចែកឲ្យដាច់ បក្សឈ្នះឆ្នោត ដឹកនាំប្រទេស បក្សចាញ់ឆ្នោត ក្លាយជាបក្សប្រឆាំង ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋសម្រេចចិត្តបោះឆ្នោត ។

នៅឆ្នាំ២០០៦ ដោយមើលឃើញសំឡេងដាំក្បាលចុះនៃគណបក្សហ៊្វុនស៊ីនប៉ិច និងដោយមើលឃើញពីការវិវត្តន៍ដំណើរនយោបាយនៃកម្លាំងប្រឆាំងក្នុងប្រទេសកម្ពុជា ថាអាចនឹងឈានទៅឈ្នះឆ្នោតគ្រប់គ្រាន់ដឹកនាំប្រទេស ដោយប្រើសំឡេង ៥០ភាគរយបូក១ ក្នុងការបង្កើតរដ្ឋាភិបាលតែឯង ដោយមិនចាំបាច់ត្រូវការសំឡេងបក្សកាន់អំណាចនោះ សម រង្ស៊ី ក៏បានត្រួសត្រាយផ្លូវទុកជាមុន សម្រាប់គណបក្សប្រឆាំង ដោយបានកែប្រែច្បាប់ធម្មនុញ ពីសំឡេង ២ភាគ៣ មកសំឡេង ៥០ភាគរយបូក១ ក្នុងការបង្កើតរដ្ឋាភិបាលដឹកនាំប្រទេស ។ ព្រោះ សម រង្ស៊ី មើលឃើញថា ប្រសិនជាយើងនៅតែប្រើសំឡេង ២ភាគ៣ ទើបអាចបង្កើតរដ្ឋាភិបាលតែឯងបានទៀតនោះ បក្សប្រឆាំងនឹងប្រឈមបញ្ហាជាច្រើន ហើយក្ដីបំណងដែលគាត់ចង់បាន ក៏មិនអាចសម្រេចដែរ ព្រោះបក្សប្រឆាំងមិនអាចមានលទ្ធភាពឈ្នះឆ្នោតបានទៅដល់ ៨២ អាសនៈ ស្មើ២ភាគ៣ ដើម្បីអាចបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសតែឯងបាននោះឡើយ ហើយទោះបីបក្សប្រឆាំងឈ្នះឆ្នោតបានជាង ៦០អាសនៈ លើស៥០ភាគរយបូក១ ក៏បក្សប្រឆាំងមិនអាចបង្កើតរដ្ឋាភិបាលតែឯងបានដែរ ព្រោះសំឡេងមិនគ្រប់ ២ភាគ៣ ក្នុងការបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសតែឯងបាន ។

ពេលនោះ ទោះចង់ឬមិនចង់ បក្សកាន់អំណាច(សម រង្ស៊ី) ត្រូវបង្ខំចិត្តទៅចចារជាមួយបក្សប្រឆាំង(បក្សប្រជាជនកម្ពុជា) ព្រោះតែត្រូវការសំឡេងពីបក្សប្រឆាំង ដើម្បីយកមកបង្គ្រប់សំឡេងឲ្យបាន ២ភាគ៣ សំណួរសួរថាតើពេលនោះបក្សប្រឆាំងនឹងទាមទារអ្វីពីកាន់អំណាច? បើកាន់អំណាច មិនព្រមធ្វើតាមសំណើរបក្សប្រឆាំង កាន់អំណាចក៏មិនអាចបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសតែឯងបានដែរ ហើយការបង្កើតរដ្ឋាភិបាលនៅជាប់គាំងរហូតព្រោះគ្មានសំឡេងគ្រប់ ហើយលោក ហ៊ុន សែន នៅតែអាចធ្វើរដ្ឋាភិបាលចាំផ្ទះដឹកនាំប្រទេសបន្ត។ ប៉ុន្តែបើព្រមតាមការចង់បានរបស់បក្សប្រឆាំង(បក្សប្រជាជនកម្ពុជា) នោះបក្សកាន់អំណាច(សម រង្ស៊ី) ពិបាកដឹកនាំប្រទេស ហើយអាចនឹងមានវាសនាដូចបក្សហ៊្វុនស៊ីនប៉ិច ។

ប្រព័ន្ធ៥០ភាគរយបូក១ គេប្រើសឹងតែទូទាំងពិភពលោកហើយ ព្រោះដើម្បីទុកលទ្ធភាពឲ្យបក្សផ្សេងៗក្រៅរដ្ឋាភិបាល មានឳកាសឈ្នះឆ្នោតបង្កើតរដ្ឋាភិបាលតែឯងបាន ដោយមិនចាំបាច់ត្រូវការសំឡេងពីគណបក្សដទៃមកបង្កើតរដ្ឋាភិបាលចម្រុះនោះទេ ដើម្បីឲ្យបក្សមួយទទួលខុសត្រូវដឹកនាំប្រទេសចំពោះមុខប្រជាពលរដ្ឋម្ចាស់ឆ្នោត ។ ថ្វីបើ ៥០ភាគរយបូក១ អាចបង្កើតរដ្ឋាភិបាលតែឯង ធ្វើច្បាប់ កែប្រែច្បាប់បានជាច្រើនក្នុងការដឹកនាំប្រទេសក្ដី ប៉ុន្តែនៅមានច្បាប់មួយចំនួនដូចជា ការដកអភ័យឯកសិទ្ធិតំណាងរាស្ត្រ ការកែប្រែ ឬវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់សំខាន់ៗទាក់ទងនឹងអាយុជីវិតប្រទេសជាតិមួយចំនួនទៀត នៅតែប្រើសំឡេង ២ភាគ៣ ដដែល ។

នៅពេលខ្ញុំនិយាយបែបនេះ ប្រាកដណាស់នឹងមានមនុស្សចោទសួរថា ចុះបើការកែប្រែរដ្ឋធម្មនុញ្ញពីសំឡេង ២ភាគ៣ មក ៥០ភាគរយបូក១ វាល្អផ្ដល់ផលប្រយោជន៍ដល់បក្សប្រឆាំង ហេតុអីបក្សកាន់អំណាចបច្ចុប្បន្នយល់ព្រមតាមសំណើរបក្សប្រឆាំង សម រង្ស៊ី ? ចម្លើយ៖ ពេលនោះបក្សកាន់អំណាចក៏ចង់ដឹកនាំប្រទេសតែឯងដែរ ដោយមិនចាំបាច់បែងចែកតំណែង តួនាទីគ្នា ផលប្រយោជន៍ទៅឲ្យគណបក្សហ៊្វុនស៊ីនប៉ិចនោះទេ ហើយបក្សកាន់អំណា​ចគិតថាសំឡេង ៥០ភាគរយបូក១ គឺងាយស្រួលរកបានណាស់ សម្រាប់ខ្លួនឈ្នះឆ្នោតដឹកនាំប្រទេសបន្ត តែវាមិនងាយស្រួលសម្រាប់បក្សប្រឆាំងឡើយ ។

នៅពេលនោះមិនមែនលោក ហ៊ុន សែន មើលមិនដឹងពីបំណងរបស់លោក សម រង្ស៊ី ទេ ប៉ុន្តែគាត់គិតថា សម រង្ស៊ី អាចសម្រេចបំណងបាន វាលុះត្រាណាសំឡេងប្រឆាំងវាមូលតែមួយ ទើបបក្សប្រឆាំងអាចឈ្នះឆ្នោតបានសំឡេង ៥០ភាគរយបូក១ ប៉ុន្តែបើសំឡេងប្រឆាំងបែកជាពីរ កុំថាឡើយ ៥០ភាគរយបូក១ សូម្បីតែ ៣០អាសនៈ ក៏បក្សប្រឆាំងមិនងាយរកបានដែរ ។ ហើយដើម្បីកុំឲ្យសំឡេងប្រឆាំងមូលតែមួយ ទាល់តែបំបែកសំឡេងប្រឆាំងឲ្យបែកជាពីរបី ម្លោះហើយបានជាមុនពេលបោះឆ្នោតតំណាងរាស្ត្រ២០០៨ ដើម្បីកុំឲ្យសំឡេងហ៊្វុនស៊ីនប៉ិចមូលទៅ សម រង្ស៊ី ក៏មានការសម្រួលសព្វគ្រប់រហូតផ្ដល់ស្តាតអូឡាំពិក ជាកន្លែងធ្វើសមាជគណបក្សប្រឆាំងថ្មីមួយ មកចូលរួមបោះឆ្នោតបំបែកសំឡេងប្រឆាំងជាពីរ ដើម្បីទប់កុំឲ្យ សម រង្ស៊ី សម្រេចគោលដៅបាន ។

ជារួម ការធ្វើនយោបាយ មិនមែនងាប់ក្រឡា មិនមានយុទ្ធសាស្ត្រអ្វីនោះទេ មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី គាត់មិនដែលបោះបង់ចោលគោលដៅគាត់ម្ដងនោះទេ ប៉ុន្តែគាត់អាចនឹងប្ដូរយុទ្ធសាស្ត្ រដើម្បីឲ្យទៅដល់គោលដៅដែលគាត់ចង់បាន ។ អ្វីដែលសំខាន់គាត់មិនដែលលក់ក្បាល មិនលក់ឧត្ដមគតិបោះបង់ការតស៊ូ និងគោលដៅរបស់គាត់ ជាថ្នូរនឹងលាភសក្ការៈ តួនាទី មុខតំណែង ពីលោក ហ៊ុន សែន ដូចអ្នកនយោបាយមុនៗម្ដងណាឡើយ ហើយរឹតតែមិនដែលមានស្រីញី ប្រពន្ធចុង ប្រពន្ធដើម ពុករលួយ លោភលន់អំណាច ដូចអ្នកនយោបាយមួយចំនួននោះដែរ ។ គាត់នៅតែតស៊ូត្រាំត្រែងត្រដាបត្រដួសក្នុងចលនានយោបាយប្រឆាំងលោក ហ៊ុន សែន ដោយសន្សំកម្លាំងប្រឆាំងពីមួយអាណត្តិទៅមួយអាណត្តិ ដើម្បីសម្រេចគោលដៅ គឺការផ្លាស់ប្ដូរលោក ហ៊ុន សែន ដោយសន្តិវិធី តាមរយៈការបោះឆ្នោត ទោះបីមានពេលខ្លះត្រូវស៊ីគ្រាប់បែកបួនគ្រាប់ ប៉ុនប៉ងយកជីវិតនៅមុខរដ្ឋសភា ពេលខ្លះត្រូវគេតាមសម្លាប់នៅពេលគាត់ទៅការពារសន្លឹកឆ្នោតនៅក្រសួងមហាផ្ទៃ ពេលខ្លះគាត់ត្រូវរងអំពើហិង្សាពីពួកស៊ីឈ្នួលនយោបាយពេលគាត់ឃោសនាបោះឆ្នោត ពេលខ្លះគាត់ត្រូវនិរទេសខ្លួន ដើម្បីមានសេរីភាពបន្តការតស៊ូ ។ មានរឿងជាច្រើនទៀតដែលជីវិតនយោបាយគាត់បានជួបប្រទះនិងឆ្លងកាត់ ។

គាត់ធ្វើនយោបាយជិតសាមសិបឆ្នាំហើយ តើគាត់បានទទួលផលប្រយោជន៍ផ្ទាល់ខ្លួនអ្វីខ្លះ ពីការធ្វើនយោបាយ? ហើយតើគាត់បានបាត់បង់អ្វីខ្លះពីការធ្វើនយោបាយ? គាត់នៅតែមិនចុះចូល ចុះញ៉ម ចុះចាញ់លោក ហ៊ុន សែន មិនលក់ឧត្ដមគតិ មិនក្បត់ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងអ្នកតស៊ូជាមួយគាត់ ទៅចែកអំណាច តួនាទី លាភសក្ការៈ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន រស់នៅសោយសុខដូចអ្នកនយោបាយមុនៗម្ដងណាឡើយ ។

យើងគួរតែពន្យល់មនុស្សដែលគ្នាពិតជាមិនបានដឹង មិនបានយល់ កុំឲ្យមានការយល់ច្រឡំ ប៉ុន្តែយើងមិនគួរចំណាយពេលវេលាទៅពន្យល់មនុស្សដែលដឹងហើយ ធ្វើមិនដឹង យល់ហើយ ធ្វើមិនយល់ នោះទេ ព្រោះមនុស្សទាំងអស់នោះ សុទ្ធតែបានឆ្លងកាត់ព្រឹត្តិការណ៍នយោបាយ និងបានរៀនសូត្រអានសៀវភៅរហូតអស់សក់ពីក្បាលហើយ វាល្មមឲ្យពួកគេអាចយល់អាចដឹងបានហើយ ប៉ុន្តែបើពួកគេធ្វើមិនដឹងទៀត ហើយនៅតែចោទយើងទៀត ចូរយើងកុំទៅចំណាយពេលសូត្រធម៌ អប់រំឲ្យទេវទត្ត ស្ដាប់អី គ្មានប្រយោជន៍ឡើយ ៕

ដោយ៖ តម្លៃជាមនុស្ស

លោក សម រង្ស៊ី ថ្លែងទៅកាន់សារព័ត៌មានជាតិ និងអន្តរជាតិ នៅថ្ងៃគេបណ្ដេញចេញពីរដ្ឋសភាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ១៩៩៥។
លោក សម រង្ស៊ី ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ ១៩៩៨ នៅរាជធានីភ្នំពេញ។
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close