ព័ត៍មាន​ជាតិ

តំណាងរាស្ត្រស្វាយរៀង៖ «ពួកខ្ញុំភៀសខ្លួនមែន តែមិនបោះបង់ការតស៊ូនិងទឹកដីកំណើតឡើយ»

លោក គង់ សភា អនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង និងជាតំណាងរាស្ត្រមួយរូបផងដែរនោះ បានសរសេររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ត្បិតក្រុមរបស់លោកបានភៀសខ្លួនមែន តែពួកលោកមិនបោះបង់ការតស៊ូ និងមិនបោះបង់ទឹកដីកំណើតឡើយ ។ លោកបន្ថែមទៀតថា ពួកលោកនៅតែរក្សាភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋ និងមិនក្បត់ឧត្ដមគតិនោះទេ ។

សាររបស់លោក គង់ សភា ត្រូវបានគេមើលឃើញថាទំនងជាការប្រតិកម្មឆ្លើយតបទៅនឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានសរសេរសារនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០ថា «លោកមិនបោះបង់ ឬរត់ចោលមាតុភូមិកម្ពុជា ដែលជាទឹកដីកំណើតរបស់លោកឡើយ» ។ ប្រតិកម្មបែបនេះបានកើតមានជាបន្តបន្ទាប់ ។

លោក មាឃ ម៉ិច សាស្ត្រាចារ្យគណិតវិទ្យា ដែលបានចូលរួមតស៊ូនយោបាយជាមួយគណបក្សប្រឆាំងតាំងពីនៅវ័យក្មេងរហូតបានក្លាយជាមេឃុំច្រើនអាណត្តិ នៅឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានលើកឡើងនៅលើបណ្ដាញហ្វេសប៊ុកសង្គមថា បើកុំតែលោក កឹម សុខា សុខចិត្តអោបយកតំណែងប្រធានគណបក្សសង្គ្រោះជាតិចូលទៅក្នុងគុកជាមួយ មិនព្រមផ្ទេរសិទ្ធិអោយមកអ្នកបន្ទាប់ ម៉្លេះសមលោក ហ៊ុន សែន រកលេសរំលាយគណបក្សមិនបានឡើយ ហើយសកម្មជនដូចពួកលោកក៏មិនចាំបាច់រត់ចោលមាតុភូមិដែរ ។

ចំណែកឯលោក ស៊ន តារា សាស្ត្រាចារ្យទស្សនវិទ្យា ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនផងដែរថា ការប្រមាថណាមួយមកលើសកម្មជននយោបាយដែលបាននិងកំពុងរត់ភៀសខ្លួន ប្រៀបបីដូចជាប្រមាថគណបក្សសង្គ្រោះជាតិនិងឆន្ទៈពលរដ្ឋខ្មែរអញ្ចឹងដែរ ព្រោះប្រភពជំនួយដ៏សំខាន់របស់បក្សគឺខ្មែរនៅក្រៅប្រទេស ។ លោកថា បើគ្រាន់តែចង់បានសុខតែខ្លួនឯង ឈរបើកភ្នែកមើលចោរបំផ្លាញជាតិ មិនប្រឆាំងរបបផ្ដាច់ការ ឬចូលរួមជួយពួកគេ យើងមិនបាច់គេចយកជីវិតទេ ឬបើយើងគ្រាន់តែចង់បានឈ្មោះជាវីរបុរសដេកក្នុងផ្នូរ យើងក៏រឹតតែសុខ ហើយសម្រាប់ខ្លួនលោកវិញចង់ចូលស្រុកថ្ងៃណាក៏បានដែរ ឲ្យតែលោកចុះចូលចុះចាញ់ជនផ្ដាច់ការ ៕

លោក គង់ សភា នៅពេលដឹកនាំក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ នាពេលកន្លងមក ។ (រូបភាពហ្វេសប៊ុក)
Show More

Related Articles

1 thought on “តំណាងរាស្ត្រស្វាយរៀង៖ «ពួកខ្ញុំភៀសខ្លួនមែន តែមិនបោះបង់ការតស៊ូនិងទឹកដីកំណើតឡើយ»”

  1. ពួកជនដែលជាអ្នកទ្រាំតស៊ូនៅក្នុងស្រុក ឬនៅក្នុងគុក និងអ្នកភៀសខ្លួនចោលស្រុកក៏ដោយឱយតែមានឆន្ទ:មនសិការស្នេហាជាតិមាតុភូមិ ចង់ជួយសង្គ្រោះប្រទេសជាតិឱយរួចអំពីនឹមនៃពួកក្រុមជនប្រើអំណាចផ្តាច់ការ ល្មោភអំណាចសម្បត្តិយសស័ក្តិ អយុត្តិធម៌ ពុករលួយ អាត្មា,គ្រួសារ,បក្សពួកនិយមដែលមិនគិតអំពីសេចក្តីសុខទុក្ខបងប្អូនជនរួមឈាមខ្លួនឯង គិតតែបំផ្លាញជាតិគ្រប់វិស័យ រីឯអ្នកភៀសខ្លួនដែលតែងតែមានឆន្ទ:មោះមុតប្តេជ្ញាតស៊ូមិនរាថយ នៅតែមានស្មារតីចង់ជួយស្តារប្រទេសជាតិនិងសង្គ្រោះប្រជាពលរដ្ឋដែលកំពុងស្រេកឃ្លាន រងការជិះជាន់ រងទុក្ខពាសពេញផ្ទៃប្រទេស យំអង្វរដង្ហោយហៅ ស្រែកទាមទាររកសេរីភាព យុត្តិធម៌ ប្រជាធិបតេយ្យ អ្នកទាំងអស់នោះសុទ្ធតែមានប្រយោជន៍ចំពោះជាតិទាំងអស់ នេះហៅថាធាតុផ្សំគ្នា គឺគ្រាន់តែជាធាតុប៉ុណ្ណោះ ធាតុខាងក្នុង ធាតុខាងក្រៅ រិឯជម្ងឺដែលត្រូវការព្យាបាលជាបន្ទាន់នោះ គឺជម្ងឺតួឯកនិយម វីរ:បុរសនិយម អគតិនិយមប៉ុណ្ណោះ បញ្ហារឿងរ៉ាវទាំងអម្បាលនោះគួរតែជម្រុះចោល ហើយរួមគ្នាគិតគូរអំពីប្ររទេសជាតិមាតុភូមិរបស់យើងវិញ។

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close