ប្រវត្តិសាស្ត្រ

តើលោក សម រង្ស៊ី​ ថ្លែងអ្វីខ្លះនៅថ្ងៃត្រូវគេបណ្ដេញពីរដ្ឋសភាជាលើកដំបូង ២២ មិថុនា ១៩៩៥ ?

នៅទសវត្សរ៍ឆ្នាំ១៩៨០ ដើម្បីរំដោះជាតិមាតុភូមិកម្ពុជាពីនឹមត្រួតត្រាបរទេសឈ្លានពាន លោក សម រង្ស៊ី បានចំណាយធនធានផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹក ក្នុងនោះក៏មានការលក់ផ្ទះសម្បែងមួយចំនួនផងដែរ មកចូលរួមនយោបាយជាមួយសម្ដេចព្រះនរោត្ដម សីហនុ ។
ដោយសារតែមានជំនាញខាងសេដ្ឋកិច្ច ដែលទទួលស្គាល់ដោយរដ្ឋាភិបាលបារាំង ហើយស្របពេលដែលប្រទេសកម្ពុជាកំពុងតែខ្វះធនធានមនុស្សផងនោះ លោក សម រង្ស៊ី ត្រូវបានចាត់តាំងឲ្យកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងរដ្ឋាភិបាលចម្រុះអាណត្តិទី ១ ដែលប្រសូត្រចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ។ នៅពេលនោះ លោក សម រង្ស៊ី ក៏មានតួនាទីជាតំណាងរាស្ត្រមណ្ឌលសៀមរាបផងដែរ ។

ប្រទេសកម្ពុជាដែលទើបតែងើបពីចំណុចសូន្យនៃរបប ប៉ុល ពត ថ្វីបើលោក សម រង្ស៊ី ជួយស្ដារសេដ្ឋកិច្ចឲ្យបានប្រសើរឡើងក៏ដោយ ក៏លោកមានការពិបាកក្នុងការបំពេញមុខងារតទៅទៀត ខណៈដែលសហនាយករដ្ឋមន្ត្រីទាំងពីរនាក់គឺ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ និងលោក ហ៊ុន សែន បើកឲ្យមានអំពើពុករលួយតាមតែអំពើចិត្តហើយប្រមូលថវិកាសម្រាប់តែក្រុមគ្នាគេ ។

ក្នុងតួនាទីជាតំណាងរាស្ត្រ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក សម រង្ស៊ី បានតវ៉ាប្រឆាំងយ៉ាងខ្លាំងនឹងអំពើពុករលួយទាំងនោះ តែជាលទ្ធផលសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ និងលោក ហ៊ុន សែន ត្រូវរូវគ្នាបញ្ចប់តួនាទីរបស់លោកក្នុងរដ្ឋាភិបាល ។ ក្រោយមកទៀត នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ១៩៩៥ លោក សម រង្ស៊ី ដែលនៅសល់តួនាទីជាតំណាងរាស្ត្រនោះ ក៏ត្រូវគេបណ្ដេញចេញពីរដ្ឋសភាដោយផ្ទុយនឹងរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យលោកធ្វើជាតំណាងរាស្ត្ររហូតដល់បញ្ចប់នីតិកាលទី ១ ឆ្នាំ១៩៩៨ ។

បើទោះបីត្រូវគេបញ្ចប់តួនាទីជាតំណាងរាស្ត្រក៏ដោយ លោក សម រង្ស៊ី ប្ដេជ្ញាបន្តបេសកកម្មរបស់លោកនៅក្រៅរដ្ឋសភាវិញម្ដង ដោយលោកបានថ្លែងនៅចំពោះមុខ សារព័ត៌មានជាតិ និងអន្តរជាតិ ថា លោកត្រូវតែការពារផលប្រយោជន៍ប្រជារាស្ត្រខ្មែរទាំងអស់ ។ លោកបន្តថា លោកនឹងធ្វើដំណើរគ្រប់ទីកន្លែង និងទៅក្រៅប្រទេសផងដែរ ដើម្បីសុំជំនួយជួយដល់ពលរដ្ឋកម្ពុជា និងពន្យល់ពិភពលោកឲ្យបានដឹងពីស្ថានភាពពិតប្រាកដនៅប្រទេសកម្ពុជា ។ លោក សម រង្ស៊ី បន្តទៀតថា លោកអាចបំពេញតួនាទីជាតំណាងរាស្ត្រគ្រប់ទីកន្លែង មិនចាំបាច់មករដ្ឋសភាក៏បានដែរ ។ លោកប្ដេជ្ញាថាថ្ងៃណាមួយលោកនឹងត្រឡប់មករដ្ឋសភាម្ដងទៀត ។

នៅឆ្នាំ១៩៩៨ លោក សម រង្ស៊ី បានត្រឡប់មករដ្ឋសភាវិញ ដោយជ័យជម្នះអាសនៈរដ្ឋសភាចំនួន ១៥ និងបានក្លាយជាមេដឹកនាំគណបក្សប្រឆាំងដំបូងបង្អស់នៅកម្ពុជា ។ ជាងនេះទៅទៀត លោកបានកសាងកម្លាំងប្រឆាំងកើនឡើងយ៉ាងខ្លាំងពីមួយអាណត្តិទៅមួយអាណត្តិរហូតមានតំណាងរាស្ត្រប្រឆាំងពាក់កណ្ដាលរដ្ឋសភានៅឆ្នាំ២០១៣ រហូតដល់របបលោក ហ៊ុន សែន រិះរកវិធីរំលាយបក្សប្រឆាំងចោលដោយខុសច្បាប់ ក្រោយពីគណបក្សនេះដណ្ដើមបានអាសនៈមូលដ្ឋានជិតពាក់កណ្ដាលពីបក្សកាន់អំណាច ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ២០១៧ ៕

លោក សម រង្ស៊ី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងភរិយារបស់លោក គឺលោកស្រី ជូឡុង សូមួរ៉ា អគ្គទេសាភិបាលរងធនាគារជាតិ ក្នុងរដ្ឋាភិបាលចម្រុះអាណត្តិទី ១។
លោក សម រង្ស៊ី ក្នុងថ្ងៃតែងតាំងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ចំណែកភរិយារបស់លោក លោកស្រី ជូឡុង សូមួរ៉ា ទទួលកាន់កាប់មុខតំណែងជាអគ្គទេសាភិបាលរងធណាគារជាតិ ។
លោក សម រង្ស៊ី ជាមួយអាជីវករនៅផ្សារអូឡាំពិក កាលគាត់ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
លោក សម រង្ស៊ី ថ្លែងទៅកាន់សារព័ត៌មានជាតិ និងអន្តរជាតិ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ១៩៩៥។
លោក សម រង្ស៊ី ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ ១៩៩៨ នៅរាជធានីភ្នំពេញ។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close